សូមស្វាគមន៍ប្រិយមិត្តដែលបានចូលមកទស្សនាវេបសាយយើងខ្ញុំ

វិធីគ្រប់គ្រងអារម្មណ៍

www.lookingtoday.comសារជាតិមនុស្ស មានលក្ខណៈខុសប្លែកៗគ្នា ឯទំនោរផ្លូវចិត្ដ ក៏មានការខុសប្លែកគ្នា ទៅតាមមនោសញ្ចេតនា របស់ មនុស្ស រៀងៗខ្លួន។ អារម្មណ៍មនុស្ស តែងតែប្រែប្រួល អ្នកខ្លះមានអារម្មណ៍ឆេវឆាវ ឆាប់ខឹង អ្នកខ្លះមានទំនោរ អារម្មណ៍ ទៅរកភាពសប្បាយ រីករាយ។ អ្នកខ្លះទៀតមានអារម្មណ៍សៅហ្មង អស់សង្ឃឹម ទន់ជ្រាយជាដើម។ ហើយមានមនុស្ស មួយចំនួនឆាប់បង្ហាញពីអារម្មណ៍ របស់ខ្លួនឱ្យអ្នកដទៃ ដែលនៅជុំវិញខ្លួន បានឃើញ។
គ្រប់សកម្មភាពដែលមនុស្សបាន បង្ហាញចេញមកក្រៅដោយសារ អារម្មណ៍ ពេលខ្លះក៏អាចធ្វើឱ្យមានផលប៉ះពាល់ដល់ អ្នក ដែលនៅជុំវិញខ្លួនដែរ។ ដោយមើលឃើញ បែបនេះហើយ ទើបគេហទំព័រសុខភាពកម្ពុជា បាន ជួបសម្ភាសន៍ជាមួយ លោកស្រី ញ៉ុង ហេ ម៉ា ប្រធានផ្នែកចិត្ដវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីផ្ដល់ការស្វែងយល់ អំពីវិធីគ្រប់គ្រង អារម្មណ៍។
ការគ្រប់គ្រងអារម្មណ៍ ជាអ្វី?
ជាធម្មតា មនុស្សតែងតែមានអារម្មណ៍ សប្បាយរីករាយ និងខឹងមួម៉ៅ។ ការដែលមានអារម្មណ៍សប្បាយរីករាយនោះមិន ចោទជាបញ្ហា ឬត្រូវទាមទារការគ្រប់គ្រង អារម្មណ៍នោះឡើយ។ ដោយឡែកការដែលមាន អារម្មណ៍ខឹងមួម៉ៅ ចាំបាច់ ទាមទារនូវការ គ្រប់គ្រងអារម្មណ៍ឱ្យបានល្អ។ ប្រសិនបើមនុស្សចេះតែ បណ្ដោយខ្លួនឱ្យទៅតាមអារម្មណ៍ កំហឹងរបស់ ខ្លួននោះ វាអាចមានផលប៉ះពាល់ ឬគ្រោះថ្នាក់ ដោយប្រការណាមួយ ដូចពាក្យចាស់ថា “កំហឹងទល់កំហល់ មានផលជា ក្ដីវិនាស”។ ដូចនេះការគ្រប់គ្រង អារម្មណ៍ គឺជាការគ្រប់គ្រងចិត្ដ កុំឱ្យប្រព្រឹត្ដនូវអំពើ អ្វីមួយដោយពុំបានគិត ពិចារណា ជាមុន ឬដកជំហានដែលកំពុង ឈានទៅរកការប្រព្រឹត្ដ ខុសទង្វើ ដែលនាំឱ្យមានក្ដីវិនាសបែរមក រកការគិតពិចារណា អំពីហេតុផលល្អអាក្រក់ ជាថ្មី។
ហេតុអ្វីត្រូវគ្រប់គ្រងអារម្មណ៍?
ជារឿងសំខាន់ណាស់ដែលមនុស្សម្នាក់ៗត្រូវមានការគ្រប់គ្រង អារម្មណ៍ ឱ្យបានល្អ ព្រោះមនុស្សតែងមាន ទំនាក់ទំនង នៅក្នុង សង្គម និងក្នុងគ្រួសារ។ បើយើងមិនមានការទប់ចិត្ដ ឃុំគ្រងអារម្មណ៍ ឬឆាប់បញ្ចេញអារម្មណ៍ ទៅលើអ្នកដទៃ នាំឱ្យយើងនឹងមាន បញ្ហាកើតឡើង ពេលខ្លះអាចធ្វើឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ថែមទៀតផង។ ការរស់នៅក្នុង គ្រួសាររវាងស្វាមីភរិយា បើមិនមាន ការគ្រប់គ្រង អារម្មណ៍នោះទេ គ្រួសារនោះអាចនឹងកើតមាន ឡើងនូវអំពើហិង្សា រហូតដល់មានការបែកបាក់គ្នា មានទំនាស់ទាស់ទែង គ្នា រស់នៅមិនចុះសម្រុង នឹងគ្នាថែមទៀតផង។ និយាយរួម ការ គ្រប់គ្រងអារម្មណ៍ជួយរក្សា ទំនាក់ទំនងល្អជាមួយគ្នា ទាំងក្នុងគ្រួសារ ទាំងក្នុងសង្គម ដើម្បីសេចក្ដីសុខ សុវត្ថិភាព និង សេចក្ដីថ្លៃថ្នូរ។
គុណសម្បត្ដិ និងគុណវិបត្ដិ
ការគ្រប់គ្រងអារម្មណ៍អាចផ្ដល់នូវគុណសម្បត្ដិយ៉ាងច្រើន ដូចជាអាចធ្វើឱ្យមាន អារម្មណ៍ស្ងប់ល្អ។ ពិសេសនៅពេល គ្រប់គ្រងអារម្មណ៍បានល្អ ក៏អាចជួយឱ្យមាន ទំនាក់ទំនងក្នុងគ្រួសារ និងក្នុងសង្គមបានល្អប្រសើរ ហើយក៏ធ្វើឱ្យទទួល បាននូវសេចក្ដីសុខ និងសុវត្ថិភាព ព្រមទាំងគ្រួសារមានសុភមង្គល។
ការគ្រប់គ្រងអារម្មណ៍ មិនបានល្អវិញនោះ មិនត្រឹមតែមិនអាចហាមឃាត់ចិត្ដ អារម្មណ៍ដែលខុសនោះទេ ផ្ទុយទៅវិញ រិតតែ នាំឱ្យមានវិបត្ដិកើតឡើងទាំងផ្លូវចិត្ដទាំងផ្លូវកាយ។ ឯទំនាក់ទំនងនៅក្នុងសង្គមក៏មិនបានល្អ ក៏អាចធ្វើឱ្យមានការ ប៉ះពាល់ដល់សេចក្ដី សុខក្នុងគ្រួសារថែមទៀតផង។
វិធីគ្រប់គ្រងអារម្មណ៍
ការគ្រប់គ្រងអារម្មណ៍មិនសំដៅតែទៅលើ ការគ្រប់គ្រងការឆាប់ រោលរាល និងការឆាប់បញ្ចេញអាការមកខាងក្រៅនោះ ទេ។ ប៉ុន្ដែមនុស្សដែលមាន អារម្មណ៍ធុញថប់ ឬដែលហៅថាស្ដ្រេស្សនោះ ក៏ទាមទារឱ្យមានការ គ្រប់គ្រងអារម្មណ៍ដែរ។ ការគ្រប់គ្រង អារម្មណ៍នេះអាចប្រព្រឹត្ដទៅបានតាមវិធីមួយដែលមាន ប្រសិទ្ធភាព គឺបច្ចេកទេសសម្រាកកាយ។ ការ សម្រាកកាយនេះ ក៏ដូចគ្នានឹង ការធ្វើសមាធិដែរ។ វិធីនេះត្រូវសម្រាកឱ្យបាន ស្ងៀមស្ងាត់ ដកដង្ហើមមួយៗដើម្បីស្រូប យកអុកស៊ីសែនទៅចិញ្ចឹម ខួរក្បាលឱ្យបានគ្រប់ គ្រាន់។ វិធីនេះអាចជួយកាត់បន្ថយ ការតានតឹង និងកាត់បន្ថយស្ដ្រេស្ស ធ្វើឱ្យមានអារម្មណ៍ល្អបាន។
សម្រាប់មនុស្សដែលមានចិត្ដខ្លាំង ឬមនុស្សដែលឆាប់មានរំញោច មិនត្រូវយកកំហឹងទៅទល់នឹងកំហឹងទេ ប្រៀបបាន នឹងការយកសាំង ទៅចាក់លើភ្លើងដូច្នោះដែរ។ ដូចនេះបុគ្គលខ្លួនឯងផ្ទាល់ ក៏ដូចអ្នកដែលនៅជុំវិញខ្លួន ត្រូវមានចិត្ដ អំណត់អត់ធ្មត់ ទប់ ចិត្ដ និងរម្ងាប់អារម្មណ៍ ទើបអាចចៀសផុតពីការមានវិវាទ ឬទំនាស់។
សម្រាប់មនុស្សដែលមានសកម្មភាព សរសៃប្រសាទខ្សោយ និងឆាប់អស់សង្ឃឹម វិធីដ៏ល្អគឺអ្នកដែលនៅជុំវិញខ្លួនគាត់ ត្រូវ ចេះលើកកម្លាំងចិត្ដ មិនត្រូវបន្ទោសបង្អាប់ និងរិះគន់នៅពេលដែលបុគ្គលនោះមានកំហុស។ ព្រោះទង្វើបន្ទោស បង្អាប់ និងរិះគន់បែប នេះអាចធ្វើឱ្យអ្នកដែលមានសកម្មភាពរំញោចខ្សោយ ក្លាយទៅជាបាក់ទឹកចិត្ដ តូចចិត្ដ និងអស់ សង្ឃឹមចំពោះខ្លួនឯង ក៏អាចនាំទៅរក ការគិតមិនត្រឹមត្រូវ ណាមួយបានផងដែរ។ ល្អបំផុតនោះ អ្នកដែលនៅជុំវិញគួរ ជួយ លើកទឹកចិត្ដ ជំរុញ និងលើកសរសើរ ធ្វើយ៉ាងណា ឱ្យបុគ្គលនេះមើលឃើញពីគុណសម្បត្ដិរបស់ខ្លួនឯង ឱ្យឃើញ ពីតម្លៃខ្លួន និងឱ្យជឿទុកចិត្ដលើខ្លួនឯង។ គួរគិតថាមនុស្សក្នុងចំណាត់ ថ្នាក់នេះ មិនអាចមានលទ្ធភាព គ្រប់គ្រាន់ដើម្បី ធ្វើការ គ្រប់គ្រងអារម្មណ៏ ដោយខ្លួនឯងនោះទេ រមែងត្រូវការជំនួយពីអ្នកដទៃ ជាពិសេសអ្នក ដែលនៅជិតខ្លួនបំផុត ដូចជាឪពុកម្ដាយ បងប្អូន មិត្ដភក្ដិដែលជិតស្និទ្ធជាដើម។
ដំបូន្មានអ្នកជំនាញ
សំណូមពរឱ្យប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមានអារម្មណ៍ មិនប្រក្រតី មេត្ដាទប់អារម្មណ៍ ឃុំគ្រងអារម្មណ៍របស់ខ្លួន កុំឱ្យ អារម្មណ៍ដែលមិនល្អនោះអូសទាញ ទៅរកផ្លូវមិនល្អបាន។ មួយទៀតសម្រាប់អ្នកដែលមាន អារម្មណ៍ឆាប់ធ្លាក់ ទឹកចិត្ដ និងអស់សង្ឃឹម ក៏គួរតែគិតពិចារណាជាថ្មី ត្រូវគិតថាខ្លួនជាបុគ្គល ដែលមានតម្លៃ។ សូមយករឿងដែលល្អៗ សប្បាយៗមកដាក់ក្នុងខ្លួន ដើម្បីកុំឱ្យ អារម្មណ៍បែបនោះ នាំទៅធ្លាក់ក្នុងរណ្ដៅឥតន័យ៕
អត្ថបទ រក្សាសិទ្ធិដោយ www.healthcambodia.com
ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com
www.lookingtoday.com

No comments:

Post a Comment

Blogger Widgets